- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, January 10, 2024




គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ ត្រូវ​ជៀសវាង​ដាច់ខាត​ «បុកគេស្លាប់ ហើយ​បង់​លុយ រួចខ្លួន»

 

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាស​​ទៅកាន់​តុលាការ ត្រូវជៀសវាង​ដាច់ខាត ក្នុងសំណុំរឿង​គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ​ស្លាប់ជនរងគ្រោះ គឺ​​មិនត្រូវ​លើកលែង​ឱ្យ​ជនបង្ក រួចខ្លួន តាមរយៈ​ការបង់លុយ​នោះទេ ។ ពោល គឺតុលាការ ត្រូវ​ជៀសវាង​ដាច់ខាត​ «បុកគេស្លាប់ ហើយ​បង់​លុយ រួចខ្លួន» ។​


ឯកឧត្តម កើត រិទ្ធ បានប្រកាស​ដូច្នេះ ក្នុង​សន្និសីទកាសែត ​ស្តីពី ការប្រកាសដាក់ចេញនូវ «​យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ» កាលពីរសៀល​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។


​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​លើកឡើងថា នៅក្នុងតុលាការ សព្វថ្ងៃ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ គឺមានប្រហែលជា ១២% នៃសំណុំរឿង​ព្រហ្មទណ្ឌសរុប​ ។ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ គឺ​ក្រុមគ្រួសារ គាត់រងគ្រោះរួចទៅហើយ តែកុំឱ្យពួកគាត់ មករងគ្រោះ នៅក្នុងនីតិវិធីរបស់តុលាការមួយទៀត ។ អ៊ីចឹងហើយ បើត្រូវដោះស្រាយ ក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អាទិភាពទី១ មុនគេបំផុត គឺសំណង ។


ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា «បើរឿងនោះ ស្លាប់ទាំងឪពុកម្តាយ តែបើត្រូវការសំណង ត្រូវប្រើពេល ៣ឆ្នាំ! ដូច្នេះមិនអាចឱ្យគាត់​រងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយហើយ មករងគ្រោះ ដោយសារតែការអូសបន្លាយ​នីតិវិធីមួយទៀតបានទេ ។ អ៊ីចឹង ដើម្បីអនុវត្តការងារនេះ ក្រសួងយុត្តិធម៌នឹងណែនាំឱ្យ​តុលាការ ទាំងខាងព្រះរាជអាជ្ញា ទាំងខាងតុលាការ សាលាជម្រះក្តី ចាត់​តាំង​ឱ្យមានព្រះរាជអាជ្ញារង និងចៅក្រម ដែលទទួលបន្ទុក​​លើការងារចរាចរណ៍តែម្តង​ ។ ដើម្បីធ្វើម៉េច​ឱ្យករណីនេះ ធ្វើ​ឱ្យ​បានឆាប់រហ័ស» ។


ជាមួយនឹងការលើកឡើងខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា «អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែមានការទទួលខុសត្រូវម៉ឺងម៉ាត់តាមផ្លូវ​ច្បាប់ ហើយ​ជៀសវាង​ដាច់ខាតរឿងមួយ គឺរឿង​ «បុកគេស្លាប់ ហើយ​បង់​លុយ រួចខ្លួន» ។ ប៉ុន្តែ​យើងត្រូវធានាសំណង សម្រាប់ជនរងគ្រោះ ទី១​ ព្រោះបុកគេស្លាប់ ក៏មិនមែន​មានន័យថា ត្រូវជាប់ទោសអស់មួយជីវិតដែរ​​ ។ ប៉ុន្តែអ្វីដែលយើងត្រូវគិតគូរ ជាចំណាត់ការ ទី១-សំណងសម្រាប់ជនរងគ្រោះ ។ ទី២-ក្នុងការកំណត់ថា អ្នកណាខុស អ្នកណាត្រូវ ត្រូវតែពិនិត្យ​​​តាមផ្លូវច្បាប់ឱ្យ​បានត្រឹមត្រូវ ។ មិនប្រាកដថា ថ្មើរជើង​ ត្រូវតែជាអ្នកត្រូវទេ! ឬក៏អ្នកជិះម៉ូតូ សុទ្ធតែជាអ្នកត្រូវ ហើយអ្នកបើកឡាន សុទ្ធតែជាអ្នកខុសនោះទេ ។ ខុសត្រូវ ស៊ីសង​គ្នា លើអង្គហេតុ ស៊ីសង​គ្នា លើអង្គច្បាប់ ស៊ីសងគ្នា លើភស្តុតាង ។ ឧទាហរណ៍ គាត់បើក​តាមផ្លូវ ស្រាប់តែអ្នកចង់​ងាប់ លោតចូលឡាន ហើយ​យើងឱ្យ​អ្នកបើកឡានខុស ម៉េចកើត? ឡានកំពុងបើកដូចគ្នា ហើយ​ម៉ូតូកំពុងបើកដូចគ្នា ស្រាប់តែគាត់ចាក់ក្រឡេកគ្នា ហើយ​ម៉ូតូកាច់ចូលឡាន គឺឡានទេ ដែលរងគ្រោះ! ហើយដោយសារតែម៉ូតូ គាត់ស្លាប់ យើងថា ម៉ូតូរងគ្រោះ? ប៉ុន្តែ​ទាមទារសំណង​បែបម៉េច? យើងគិតលើផ្លូវច្បាប់ ។ ប៉ុន្តែយើង​មិនឱ្យ​កើតមានករណីថា បុកគេស្លាប់ហើយ គ្រាន់តែបង់​លុយរួចខ្លួនទេ​ ។ រឿងនេះអត់ទេ! ជនបង្ក ត្រូវតែទទួលខុសត្រូវ!» ។​


យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាស​លើកទឹកចិត្ត ឱ្យមានវិធានការបន្ធូរបន្ថយ តែមិនមែន​បានន័យថា ឱ្យរួចខ្លួនទេ ទៅលើ​ជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយណា ដែលបង្ហាញភាព​​ក្លា​ហាន ចូលដោះស្រាយចំពោះមុខច្បាប់ ។


ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងច្បាប់របស់យើង មិនបានកំណត់​ដាក់ទោសជាប់ពន្ធនាគារ អស់មួយជីវិតទេ​ ។ ប៉ុន្តែ​បើយើង​មិនប្រឈម យើងនឹងក្លាយទៅជា​មនុស្ស​ក្រៅច្បាប់ អស់មួយជីវិត ។ អ៊ីចឹង​ យើងលើកទឹកចិត្តថា បើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ចូលមកដោះស្រាយ តុលាការត្រូវប្រើប្រាស់វិធានការបន្ធូរបន្ថយ​ទោសលើគាត់ ។ ធានាបាននូវសំណងហើយ ធានាបាននូវយុត្តិធម៌ទៀត ។ តែបើបុកគេរត់ហើយ គឺមានបទល្មើស ២ ។ បុកគេមួយ មិនដឹងខុស ឬត្រូវ? តែបើរត់គេច គឺបទល្មើសមួយផ្សេងទៀត ហើយ​ករណីនេះ គឺថា វិធានការ ត្រូវតែម៉ឺង​ម៉ាត់បំផុត ៕




 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages