ឧក្រិដ្ឋជនគេចខ្លួនបាត់ ខណៈគ្រឿងញៀនជជិត ១៦០គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបរឹបអូសក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ
(ស្ទឹងត្រែង) ៖ គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ទម្ងន់ប្ប្រមាជិត ១៦០ គីឡូក្រាម វេចខ្ចប់ក្នុងសំបកផ្លាស្ទិចបន្លំជាតែកញ្ចប់ ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានខេត្តស្ទឹងត្រែង សហការជាមួយកម្លាំង BLO ប្រចាំច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល បង្ក្រាបបាននៅចំណុចអូរអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង ០៤ ទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ នេះបើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។
យោងតាមប្រភពពត៌មានពីកម្លាំងសមត្ថកិច្ច សហការបង្ក្រាបនាយប់ទៀបភ្លឺនោះថា ដោយសារស្ថានភាពស្មុគស្មាញ និងផ្លូវរបៀងតាមពព្រៃច្រើនកន្លែង កម្លាំងសមត្ថកិច្ចក៏បានបែងចែកកម្លាំងជា ០៣ ក្រុម ក្នុង ០៣ គោលដៅផ្សេងគ្នា ដើម្បីស្ទាក់និងបង្ក្រាប ។ ជាក់ស្តែង ត្រូវបានសមត្ថកិច្ចបង្ក្រាប ខណៈជនសង្ស័យកំពុងដឹកគ្រឿងញៀនតាមគោយន្តកន្ត្រៃ ០១ គ្រឿង ក្នុងព្រៃក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មាន បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាប ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) នៃក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយ BLO ប្រចាំព្រំដែនកម្ពុជាឡាវ និងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដកហូតមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០៦ បេ ស្មើ ៦០ ដុំ គិតជាទម្ងន់ជាង ១៥៩ គីឡូក្រាម ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានខាងលើ គឺមានកញ្ចប់ពណ៌បៃតង ចំនួន ១១៨ ដុំ, កញ្ចប់ពណ៌លឿង ចំនួន៤២ ដុំ, គោយន្តកន្ត្រៃ ០១ គ្រឿង, ទូរសព្ទដៃម៉ាក Nokia ចំនួន ០១ គ្រឿង ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ខណៈកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធបង្ក្រាប ជនសង្ស័យចំនួន ០២ នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ រហូតមកដល់ពេលនេះសមត្ថកិច្ចនៅតែបន្តស្វែងរកចាប់ខ្លួន ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ។
ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាមេឧក្រិដ្ឋជនជួញដូរថ្នាំញៀននោះផងដែរ គ្រាន់តែចាប់មិនទាន់បានប៉ុណ្ណោះ ៕
No comments:
Post a Comment