- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 11, 2024

សមត្ថកិច្ចវាយខ្នោះគ្រូបង្រៀនល្មោភកាមគុណម្នាក់ ក្រោយចាប់រំលោភសិស្សរបស់ខ្លួនបានសម្រេច ២ដង នៅក្នុងបន្ទប់ទឹកសាលារៀន


(ព្រៃវែង) ៖ គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាត្រពាំងថ្លោក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សស្រីរបស់ខ្លួន អាយុត្រឹមតែ ១១ ឆ្នាំ រំលោភចំនួន ០២ ដង នៅក្នុងបន្ទប់ទឹករបស់សាលារៀន ។


ហេតុការណ៍ខាងលើនេះ បានបែកធ្លាយកាលពីវេលាម៉ោង ០៣ ៖ ១៥ នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។


គ្រូបង្រៀនដែលត្រូវបានចាប់ឃាត់ខ្លួនមានឈ្មោះ ធីម ម៉ន អាយុ ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ចំណែកកុមារីរងគ្រោះ រស់នៅភូមិឃុំជាមួយលោកគ្រូរូបនោះផងដែរ ។


បើតាមក្មេងស្រីរងគ្រោះដែលបានផ្ដល់ព័ត៌មានមកសមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោ ០៣ រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងពេលដែលរូបនាងកំពុងដងទឹកនៅក្នុងបន្ទប់ទឹកស្រីម្នាក់ឯង លោកគ្រូរបស់នាងបានចូលទៅក្នុងនោះ ហើយបិទខ្ទាស់ទ្វារជាប់ រួចប៉ុនប៉ងចាប់នាងរំលោភ តែមិនបានសម្រេច ព្រោះត្រូវនាងរើបម្រាស់ ។


ពេលនោះគ្រូនាងចេញទៅបាត់ រូបនាងក៏បន្តទៅដួសទឹកនៅក្នុងបន្ទប់ទឹកប្រុសវិញបន្តទៀត ហើយបន្តិចក្រោយមក គ្រូដដែលរូបនោះ ក៏ចូលទៅចាប់នាងរំលោភម្ដងទៀតរហូតបានសម្រេច ។


ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់មក រូបនាងក៏ត្រឡប់ទៅផ្ទះរៀបរាប់ប្រាប់ឪពុកម្ដាយ ទើបឪពុកម្ដាយនាំនាងទៅប្ដឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ចាប់ជនល្មើសភ្លាមៗតែម្ដង ។


គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូបង្រៀនដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង ។


បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។ ប៉ុន្តែជាមួយគ្នានោះដែរ ក៏លេចឮព័ត៌មានមកថា ក្រុមគ្រួសារខាងគ្រូបង្រៀន កំពុងព្យាយាមសុំជួបភាគីខាងក្មេងស្រីរងគ្រោះ ដើម្បីសុំធ្វើការសម្របសម្រួលគ្នាផងដែរ ៕


No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages